Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ មិនហ៊ានបង្ក្រាប ឈ្មួញដឹកឈើប្រណីតរាល់យប់ បង្កភាពក្ដៅក្រហាយដល់ពលរដ្ឋ

$
0
0

កំពង់ស្ពឺៈ ឈ្មួញរកស៊ីបទល្មើសព្រៃឈើម្នាក់ឈ្មោះ កាន ដែលគេស្គាល់ច្បាស់ថា ជាកូនបង្កើតរបស់លោក យឺន សុផាន ដែលជាមេឈ្មួញដ៏ធំ រកស៊ីបទល្មើសព្រៃឈើប្រចាំតំបន់ស្រុកភ្នំស្រួច អាងអំណាចខ្លួនជាមន្ត្រីយោធាអង្គរក្ស បានដឹកជញ្ជូនឈើប្រណីតតាមរថយន្តជារៀងរាល់យប់ បើទោះបីជាអ្នកសារព័ត៌មានរាយការណ៍ទៅជំនាញ និងជាពិសេស ថ្នាក់លើបានបញ្ជាទៅលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដែលទើបតែឡើងកាន់តំណែងថ្មីៗ ចុះទៅបង្ក្រាបយ៉ាងណាក៏ដោយ មិនដែលលោកបង្ក្រាបបានម្តងណាឡើយ ដោយរាល់ពេលរាយការណ៍ គឺក្រុមឈ្មួញតែងតែដឹងខ្លួនមុន ហើយធ្វើការដឹកឈើចេញផុតអស់ មុនជំនាញចុះទៅដល់។ ពាក់ព័ន្ធករណីនេះ មានពាក្យលេចលឺ និងបានចោទសួរថា តើក្រុមឈ្មួញទទួលដំណឹងពីណា ទើបបានជាដឹកឈើជម្លៀសចេញដោយសុវត្ថិភាព មុនពេលសមត្ថកិច្ចចុះទៅដល់បែបនេះ?

ជាក់ស្តែង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ឈ្មួញឈ្មោះ កាន ជាមន្ត្រីយោធានៅ ACO ដែលជាកូនរបស់មេឈ្មួញធំឈ្មោះ យឺម សុផានបានកំពុងតែស្ទូចឈើប្រណីតដាក់លើរថយន្តនៅក្នុងភូមិព្រៃកាហៀច ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពេលនោះ បណ្តាញបានរាយការណ៍ ហើយអ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកប្រធានមន្ទីរកសិកម្មខេត្ត ហើយលោកបានបញ្ជាទៅលោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដែលទើបតែឡើងកាន់តំណែងថ្មីៗចុះទៅបង្ក្រាប ប៉ុន្តែបែជាបានព័ត៌មានមកវិញថា មិនឃើញមានកម្លាំងជំនាញចុះទៅក្បែរកន្លែងដែលឈ្មួញកំពុងតែស្ទូចឈើប្រណីតនោះឡើយ។ ទង្វើរបស់លោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋនេះ ហាក់បីដូចជាលោកខ្លាចអំណាចឈ្មួញឈ្មោះ កាន ឬក៏លោកខ្លាចអំណាចលោក យឺន សុផាន់ ដែលជាមេឈ្មួញដ៏ធំ ឬមួយលោកបានទទួលលាភសក្ការៈ ហើយមិនហ៊ានបង្ក្រាបនោះ។

ទាក់ទិននឹងករណីនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបានទេ។

ដោយឡែកលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា បន្ទាប់ពីអ្នកសារព័ត៌មានបានរាយការណ៍មកឲ្យលោក លោកក៏បានបញ្ជាទៅជំនាញ គឺលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោក ជា សារ៉ន ថាមិនមានក្រុមឈ្មួញកំពុងលើកឈើដូចការរាយការណ៍នោះឡើយ លោកក៏ត្រឡប់មកវិញទៅ ។

លោកប្រធានមន្ទីរបានបន្តទៀតថា ប្រសិនបើលោកស៊ើបដឹងថា មន្ត្រីថ្នាក់ក្រោមរបស់លោកមិនបានធ្វើការ ឬក៏មានការពាក់ព័ន្ធ និងឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តរលាយហិនហោចនោះ លោកនឹងមានវិធានការ និងវិន័យផ្ទៃក្នុងការងាររបស់លោក។ ដោយសារតែរាល់ថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ចេញសារាចរណ៍លេខ០១ មិនឲ្យមានកម្លាំងណាដាក់កុងត្រូជជុះ លោកថាពិបាកក្នុងការធ្វើការងារបន្តិច តែលោកថាមិនថ្វីទេ ថ្ងៃស្អែកលោកនឹងកោះហៅមន្ត្រីជំនាញពាក់ព័ន្ធប្រជុំជាបន្ទាន់។

ប្រជាពលរដ្ឋសង្ឃឹមថា លោកប្រធានមន្ទីរកសិកម្មនឹងធ្វើការដុសក្អែលលោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋថ្មីនេះចេញម្តងហើយ ដើម្បីជាគំរូដល់មន្ត្រីផ្សេងៗទៀតឲ្យមានមនសិការក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិមួយនេះ ដើម្បីថែរក្សាទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ព្រៃឈើនៅថ្ងៃអនាគតផង៕

ប្រភព៖ Campost

The post នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ មិនហ៊ានបង្ក្រាប ឈ្មួញដឹកឈើប្រណីតរាល់យប់ បង្កភាពក្ដៅក្រហាយដល់ពលរដ្ឋ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles