គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា LDP (អិលឌីភី) នឹងប្រារព្ធពិធីខួបអបអរថ្ងៃ កំណើតគណបក្ស ដែលមានវត្តមានអស់រយៈពេល ១៤ឆ្នាំមកហើយ ដែលគណបក្សបានបង្កើតឡើង នៅថ្ងៃទី ២៦-មិថុនា-២០០៦ ដោយស្ថាបនិកដំបូងបំផុត គឺលោក ខឹម វាសនា ។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ នៅទីស្នាក់ការគណបក្សថ្មីរបស់ខ្លួនដែលឋិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលក្នុងនោះមានវត្តមានរបស់លោក ខឹម វាសនា ដែលជាប្រមុខគណបក្សបានចូលរួមផងដែរ ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យគណបក្សខេត្តសៀមរាប ដែលបានបង្ហោះនៅលើបណ្ដាញសង្គមដែលមាន Page ផ្លូវការគឺ គសប ខេត្តសៀមរាប ។
សកម្មភាពញាប់ដៃញាប់ជើងរបស់ក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលនឹងកំពុងតុបតែងទីស្នាក់ការកណ្ដាលថ្មីរបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ដើម្បីត្រៀមខ្លួនអបអរខួប ១៤ ឆ្នាំដែលកកើតគណបក្សរបស់ខ្លួនខាងមុខនេះ ដែលខួបនេះ គណបក្សបានបញ្ជាក់ថានឹងមានសមាជិកជាច្រើនខេត្តបានមកចូលរួម ហើយអ្វីដែលពិសេសនោះ គណបក្សបានបញ្ជាក់ថាមានវត្តមានរបស់លោកប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកចូលរួមផងដែរ គឺលោក ខឹម វាសនា ។ ជាមួយគ្នានោះ គណបក្សក៏បានត្រៀមខ្លួនដើម្បីបើកសម្ភោធជាផ្លូវការនូវស្នាក់ការកណ្ដាលគណបក្សប្រចាំខេត្តសៀមរាបផងដែរ ៕




ប្រភព ៖ Facebook/គសប ខេត្តសៀមរាប
The post គណបក្សសម្ព័ន្ធ ត្រៀមខ្លួនប្រារព្ធខួបបក្ស ១៤ ឆ្នាំរបស់ខ្លួនក្នុងទឹកដីខេត្តសៀមរាប appeared first on ខ្មែរអ្នកអាន.