Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តើ «ធម៌មេត្តា» មានអត្ថន័យ និងខ្លឹមសារយ៉ាងដូចម្ដេចក្នុងចិត្តរបស់មនុស្ស?

$
0
0

មនុស្សជាច្រើនក្នុងសង្គមខ្មែរទំនងធ្លាប់លឺពាក្យថា ព្រហ្មវិហារធម៌ ដែលធម៌នេះត្រូវបានមនុស្សស្គាល់ថាជាធម៌របស់ពពួកព្រហ្មដែលជាទេវតាជាន់ខ្ពស់បំផុត នៅក្នុងគម្ពីរផ្សេងៗ បានលើកមកបកស្រាយ ។ ព្រហ្មវិហារធម៌ទាំងនោះ ចែកជា ៤ គឺមាន មេត្តា ករុណា មុទិតា និងឧបេក្ខា ហើយធម៌ទាំងនេះត្រូវបានគេយកទៅដាក់លើមាតាបិតា ដែលត្រូវមានព្រហ្មវិហារធម៌ចំពោះកូន ។ ប៉ុន្តែក្នុងន័យទូលាយជាងនេះ​លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយក៏ជាអ្នកគាស់រំលើងធម៌របស់ព្រះសម្មាសម្ពុទ្ធមកបកស្រាយជាច្រើនពាន់ម៉ោងរួចមកហើយនោះ ពេលនេះលោកបានបកស្រាយបន្ថែមទៀតឲ្យកាន់តែច្បាស់ពីធម៌មួយក្នុងចំណោមធម៌ទាំង ៤ របស់ព្រហ្ម គឺ មេត្តាធម៌ ។ សូមអានដោយយកចិត្តទុកដាក់ដូចតទៅនេះ ៖

សភាពចិត្តដែលមានធម៌មេត្តាៈ សភាពរបស់ធម៌មេត្តានេះ ក្មួយៗត្រូវដឹងថាមានតែនៅក្នុងចិត្តសត្វថ្នាក់ខ្ពស់ទេ។ យើងសញ្ជឹងគិតឆែកឆេក្នុងចិត្តសត្វតិរច្ឆាន ដាច់ខាតគឺគ្មានទេ ព្រោះយល់សភាពចិត្តមេត្តាហ្នឹងមិនបាន បើចិត្តហ្នឹងជាចិត្តរបស់ខ្លួន ម្ដេចក៏យល់ចិត្តខ្លួនមិនបាន? ដូច្នេះធម៌មេត្តានេះគ្មានទេនៅក្នុងសភាពចិត្តសត្វតិរច្ឆាន។ ឯចិត្តសត្វក្រោមតិរច្ឆានទៀត គឺពពួកចិត្តច្រណែន ឈ្នានីស និងចិត្តសាហាវជាចិត្តរបស់សត្វប្រេត និងនរក គឺសភាពចិត្តរបស់ពួកសត្វទាំងនេះមានធម៌ផ្ទុយ បើមានធម៌មេត្តា គឺត្រូវអត់មានអកុសលធម៌ច្រណែនឈ្នានីស គំនុំដែលជាសភាពធម៌អាក្រក់ និងសាហាវនោះហើយ វាមានលក្ខណៈដូចដបមួយ បើមានមេត្តា គឺមានទឹកហើយ គឺខ្យល់មិនអាចមាននៅក្នុងដបទាំងមូលឡើយ ព្រោះក្នុងដបទាំងមូលនេះពេញទៅដោយទឹកហើយ មានកន្លែងណាសម្រាប់ដាក់ខ្យល់ទៅ ដូច្នេះចិត្តសត្វនរកប្រេតជាចិត្តសត្វថ្នាក់ក្រោមតិរច្ឆានទៅទៀតនោះមិនអាចមានធម៌មេត្តាទេ សូម្បីតែទេវតាថ្នាក់ក្រោមៗដែលចិត្តមានតែភាពអាត្មានិយមប៉ុន្តែគ្មានអកុសលធម៌ក៏ចិត្តគ្មានធម៌មេត្តានេះផង វាជាធម៌ដែលមាននៅក្នុងចិត្តសត្វព្រហ្មទេ។

អ្នកណាមានធម៌មេត្តានេះគឺមិនអាចកើតជាសត្វទុគ្គតិភព ឬទេវតាទេ គឺចាប់ពីព្រហ្មឡើងទៅហើយ។ ពូដឹងថាពូរៀបរាប់មកដល់ប៉ុណ្ណេះ ក្មួយៗមិនទាន់មានសទ្ធាចំពោះសភាពចិត្តមេត្តានេះទេ។ មេត្តាប្រែថាស្រលាញ់។ ចំពោះការប្រែពាក្យមេត្តាថាស្រលាញ់នេះ វាគ្មានប្រយោជន៍អីធំដុំជាការយល់ដឹងពីធម៌មេត្តានេះដល់ចិត្តក្មួយៗឡើយ ប៉ុន្តែឧទាហរណ៍ទៅវិញទេដែលមានប្រយោជន៍សម្រាប់ការយល់ដឹងរបស់ក្មួយៗអំពីធម៌មេត្តានេះ។ ពូសុំលើកយកទំនាក់ទំនងប្ដីប្រពន្ធដែលមានធម៌មេត្តានេះ ឬធម៌ស្រលាញ់នេះ។ ពូសូមលើកយកចិត្តប្រពន្ធដែលមានធម៌មេត្តា ចាំទទួលដឹងចិត្តប្ដីដែលធម៌មេត្តាដែរ យកសភាពចិត្តខ្លួន ទៅស្ទង់ដឹងសភាពចិត្តគេ។ ប្រពន្ធដែលមានចិត្តមេត្តាស្ទង់ដឹងសេចក្តីល្អ សេចក្តីស្មោះត្រង់ ចិត្តលះបង់ ចិត្តសណ្ដោសរបស់ប្ដី ប្រពន្ធស្រលាញ់ចិត្តនោះខ្លាំងណាស់ ក្មួយៗស្ទង់មើលក្តីស្រលាញ់របស់ប្រពន្ធនេះចំពោះភាពល្អរបស់ប្ដី តើសភាពចិត្តប្រពន្ធនោះយ៉ាងម៉េច? គឺចិត្តគោរព ស្រលាញ់ក្នុងករណីនេះ គឺគោរពចិត្តប្ដីខ្លាំងណាស់ ម្ដងបន្តិចៗរហូតដល់គំនរចិត្តគោរព គរលិច គរលប់លើចិត្តមេត្តាដែលហៅថាស្រលាញ់គោរពរបស់ចិត្តប្រពន្ធ។

ក្រឡេកមើលប្ដី មើលសកម្មភាពប្ដី អារម្មណ៍គោរពដែលសកម្មភាពប្ដីកន្លែងខ្លះធ្វើអោយចិត្តខ្លួនហូរទឹកភ្នែកបាន។ ក្នុងទំនាក់ទំនងប្ដីប្រពន្ធយូរៗទៅកើតអនុស្សាវរីយ៍កប់ជ្រៅក្នុងដួងចិត្ត ពេលដែលនឹកដល់ចិត្តប្ដីក្នុងសកម្មភាពខ្លះទប់ទឹកភ្នែកមិនបានទេ នេះគឺជាចិត្តស្រលាញ់ទឹកចិត្តប្ដី។ ស្រលាញ់បែបនេះគឺពេញដោយចិត្តគោរព ស្រលាញ់តម្លៃនៃចិត្តប្ដីណាស់ គឺដួងចិត្តគោរពទឹកចិត្តប្ដីណាស់ នេះគឺចិត្តមេត្តារបស់ប្រពន្ធចំពោះប្ដី។ ពូពន្យល់មកដល់ត្រង់នេះ ក្មួយៗមានសញ្ញាណចាប់បានទឹកចិត្តមេត្តាទេ គឺទឹកចិត្តមេត្តារបស់ប្រពន្ធចំពោះចិត្តល្អរបស់ប្ដី គឺស្រលាញ់ទឹកចិត្តដែលខ្លួនគោរពនេះខ្លាំងណាស់។ នេះគឺមេត្តា។ តើចិត្តបែបនេះមាននៅក្នុងចិត្តសត្វតិរច្ឆានទេ? ចិត្តតិរច្ឆានមិនស្គាល់ចិត្តមេត្តាទេ គឺវាមិនស្គាល់តែម្ដង ហេតុអ្វីបានវាមិនស្គាល់? គឺក្នុងជម្រៅចិត្តវាគឺគ្មានធម៌មេត្តានេះ អោយគ្នាស្ទង់ទឹកចិត្តដទៃដែលមានធម៌មេត្តានេះយ៉ាងម៉េចទៅ?

ចិត្តមនុស្សស្រីដែលគ្មានធម៌មេត្តា ពេលដែលបានទទួលទឹកចិត្តប្ដីដែលល្អម៉ដ្ឋហ្មងចំពោះខ្លួនទៅជាមានចិត្តអំណួត គិតថាខ្លួនគ្រាន់បើ ដើរអួតប្រាប់គេប្រាប់ឯង គឺជាសកម្មភាពបំផ្លាញទឹកចិត្តប្ដីដែលល្អហើយមានធម៌កត្តញ្ញូមើលដឹងទឹកចិត្តប្រពន្ធដែលចាប់សញ្ញាចិត្តមេត្តា ករុណារបស់ខ្លួនដែលមានចំពោះប្រពន្ធមិនបាន។ ទឹកចិត្តផ្ដល់អោយរបស់ប្ដី ប្រពន្ធទទួលមិនបាន តែបើប្រពន្ធមានចិត្តមេត្តាដែរស្ទង់ដឹងចិត្តរបស់ប្ដី ពេលនោះខ្លួនស្រក់ទឹកភ្នែក។ ស្រលាញ់ចំពោះទឹកចិត្តដែលខ្លួនគោរពនោះខ្លាំងណាស់ នេះគឺធម៌មេត្តាដែលមានក្នុងចិត្តប្រពន្ធ។ បើក្នុងករណីចិត្តរបស់ប្ដីធ្វើអំពើណាមួយខុសពីចិត្តដែលខ្លួនតែងគោរពនោះ ខ្លួនឈឺចាប់ណាស់ ដូចជាយើងឃើញប្ដីរបស់មនុស្សស្រីខ្លះទៅមានស្រីថ្មី ទឹកចិត្តប្រពន្ធដែលស្រលាញ់ទឹកចិត្តដែលខ្លួនតែងតែគោរពនោះ តើខ្លួនមានចិត្តអីទៅវាយស្រីស្នេហ៍របស់ប្ដីកើតទៅ គឺទឹកចិត្តប្ដីដែលខ្លួនធ្លាប់គោរពនោះបានធ្វើអោយបាត់បង់តម្លៃអស់ហើយ មិនដឹងជាប្ដីនោះត្រូវសារភាពកំហុស តាមរបៀបណាទេដែលស្ដារចិត្តប្រពន្ធដែលមានចិត្តមេត្តាចំពោះប្ដីអោយមានឡើងវិញបាន។ ទឹកចិត្តមនុស្សស្រីដែលមានលក្ខណៈបែបហ្នឹងគឺធម៌មេត្តានោះ។ តើមនុស្សស្រីដែលចិត្តមានធម៌មេត្តានេះព្រមទៅរៀបការនឹងចិត្តប្រុសធម្មតាគ្មានធម៌មេត្តានេះ ចិត្តខ្លួននឹងបានទទួលនូវភាពកក់ក្តៅយ៉ាងម៉េចទៅកើត?

លុះត្រាតែបានជួបបុរសដែលមានចិត្តមេត្តាដែរទើបចិត្តខ្លួនទាំងសងខាងបានទទួលនូវភាពកក់ក្តៅ នេះគឺចិត្តមេត្តា។ នេះគឺជាក្តីស្នេហាហើយ។ អារម្មណ៍រឿងភេទក្នុងទំនាក់ទំនងប្ដីប្រពន្ធ វាប្រៀបដូចជាហូបបាយអញ្ចឹង អត់មានមកច្រឡូកច្រឡំជាមួយនឹងចិត្តស្នេហា ឬចិត្តមេត្តាដែលមានចំពោះគ្នានោះឡើយ។ បើក្នុងករណីអសមត្ថភាពរឿងភេទនៃភាគីណាមួយ ក៏ដំណើរការនៃចិត្តមេត្តា ឬក្តីស្នេហាចំពោះគ្នាទៅវិញទៅមក គ្មានដំណើរការរអាក់រអួលបន្តិចណាឡើយ មានតែភាគីម្ខាងនិយាយកុំអោយភាគីម្ខាងទៀតដែលបាត់បង់សមត្ថភាពភេទនោះកុំអោយគិត កុំអោយយកជាបញ្ហាអ្វីអោយសោះដោយក្តីករុណាចំពោះភាគីម្ខាងទៀត នោះភាគីម្ខាងដែលបានទទួលទឹកចិត្តសណ្ដោសករុណានេះរឹតតែស្រលាញ់នូវទឹកចិត្តដែលខ្លួនគោរពនោះកើនឡើងថែមទៀត។ នេះគឺជាធម៌មេត្តា ស្រលាញ់ទឹកចិត្តដែលខ្លួនគោរព គឺស្រលាញ់តម្លៃ។

នេះពូឧទាហរណ៍ចំពោះធម៌មេត្តាក្នុងទំនាក់ទំនងប្ដីប្រពន្ធ។ ឥលូវពូឧទាហរណ៍អំពីមនុស្សទឹកចិត្តដដែលនេះគឺទឹកចិត្តមានធម៌មេត្តានេះចំពោះមនុស្សផ្សេងៗក្រៅពីដៃគូជីវិត។ មនុស្សដែលមានចិត្តមេត្តានេះទោះស្រលាញ់ប្អូន ទោះស្រលាញ់បង ទោះស្រលាញ់ឪពុកម្តាយក៏នៅក្នុងទម្រង់ស្រលាញ់ទឹកចិត្តដែលខ្លួនគោរពនេះដែរ។ ប្អូន ឬបងដែលមានទឹកចិត្តល្អចំពោះគ្រួសារ គឺខ្លួនស្រលាញ់ទឹកចិត្តប្អូនបងនេះខ្លាំងណាស់ក្នុងទម្រង់ជាបង ជាប្អូន ប៉ុន្តែក្មួយៗត្រូវស្ទង់ក្នុងមនោរម្មណ៍របស់ក្មួយៗអោយឃើញទឹកចិត្តស្រលាញ់ចំពោះចិត្តគោរពរបស់ខ្លួនតែដដែល។ បើជាប្អូនយើងហៅអា យើងហៅវា ព្រោះវាជាប្អូនយើង ហៅអាក៏ពិតមែនតែក្មួយៗស្ទង់មើលចិត្តនោះមើលគឺគោរពទឹកចិត្តប្អូនព្រោះថាបើប្អូននោះទៅធ្វើអ្វីមួយខុសពីចិត្តដែលខ្លួនធ្លាប់គោរពទឹកចិត្តនោះ ខ្លួនខកចិត្តយ៉ាងខ្លាំងទៅតាមទំហំទឹកចិត្តស្រលាញ់ ឬទឹកចិត្តមេត្តាដែលខ្លួនមានចំពោះចិត្តប្អូនប្រុសដែលខ្លួនតែងគោរពនោះ គឺនៅតែមានចិត្តគោរពតែដដែលនៅក្នុងទឹកចិត្តដែលខ្លួនស្រលាញ់នោះ។

គឺស្រលាញ់ទឹកចិត្តដែលយើងគោរព នេះហើយគឺការស្រលាញ់តម្លៃ នេះគឺធម៌មេត្តា។ ចំពោះឪពុកម្ដាយវិញក៏ទឹកចិត្តមេត្តាស្រលាញ់នូវទឹកចិត្តដែលខ្លួនគោរពនោះដែរ មានន័យថា បើម្ដាយឪពុកជាមនុស្សមានសន្ដានមិនល្អ មិនទាញបានទឹកចិត្តគោរពរបស់ចិត្តមេត្តាទេ គឺចិត្តមេត្តាអត់ស្រលាញ់ទឹកចិត្តដែលខ្លួនមិនគោរពនោះទេ គឺធម្មតាៗជាមួយនឹងម្ដាយឪពុក ព្រោះទឹកចិត្តម្ដាយឪពុកនោះមិនមានធម៌អ្វីអោយទឹកចិត្តមេត្តាគោរពផង តើចិត្តមេត្តាទៅស្រលាញ់ចិត្តដែលខ្លួនមិនគោរពយ៉ាងម៉េចទៅកើត។ នេះគឺចិត្តមេត្តាដែលគេប្រែថាស្រលាញ់នោះ។ ទឹកចិត្តមេត្តាគឺស្រលាញ់ទឹកចិត្តដែលខ្លួនគោរព ប៉ុន្តែទៅតាមទម្រង់ម្ដាយ ឪពុក ប្ដី ប្រពន្ធ បង ប្អូន កូន ឬអ្នកដទៃ។

ស្រលាញ់នូវទឹកចិត្តដែលខ្លួនគោរព នេះគឺមេត្តា។ បើទឹកចិត្តនោះមិនគួរអោយគោរពសោះ ហើយគេស្រលាញ់ដែរ មិនមែនមេត្តាទេ បើប្ដីប្រពន្ធគឺស្រលាញ់ភេទហ្នុង បើឪពុកម្ដាយគ្មានគុណធម៌អីទាញបានចិត្តគោរពផង ហើយទៅជាគោរពឪពុកម្ដាយ នោះគឺធ្វើទេអី ពូមិនយល់ទេ ប្រហែលជាធ្វើហើយ មិនដឹងជាទឹកចិត្តមេត្តា ឬទឹកចិត្តស្រលាញ់ឯណាចំពោះទឹកចិត្តឪពុកម្ដាយដែលយើងមើលទៅជាមនុស្សមិនគួរអោយគោរពផង។ ចំពោះកូនដែលមានស្រីញី ផឹកស៊ីប៉ោឡែ ស្រាប់តែឪពុកម្ដាយរបស់គេស្រឡាញ់ នោះគឺមិនមែនទឹកចិត្តមានធម៌មេត្តាទេ ទៅឆែកមើលបើមិនកាន់ជើងកូន កូនធ្វើបាបគេនៅតែស្រលាញ់កូន មិនមែនមេត្តាទេ មេត្តាគឺស្រលាញ់ទឹកចិត្តដែលយើងគោរព ធ្វើអំពើមិនល្អ បាត់ការទាក់ទាញចិត្តគោរព លែងស្រលាញ់ហើយ។ នេះគឺធម៌មេត្តា។

លក្ខណៈសម្គាល់របស់ចិត្តមេត្តាគឺមានអនុស្សាវរីយ៍ដិតដាមណាស់។ មនុស្សដែលមានចិត្តមេត្តា មានមនោសញ្ចេតនារបស់ចិត្តផ្អែមល្ហែមណាស់។ ទឹកចិត្តដែលស្រលាញ់ប្ដីប្រពន្ធ ឪពុកម្ដាយ បងប្អូន កូនចៅដែលគ្មានទឹកចិត្តគួរអោយគោរពផងគឺមិនមែនមេត្តាទេ។ មេត្តាជាធម៌របស់ព្រហ្ម នេះស្រលាញ់តែកូនចៅឯងហ្នឹង កូនចៅបានធ្វើរឿងអត់តម្លៃហើយ នៅតែស្រលាញ់ នេះជាទឹកចិត្តរបស់មនុស្សខូច មនុស្សល្ងង់ទេ មិនមែនជាចិត្តមេត្តាដែលជាចិត្តមានមនោសញ្ចេតនាជ្រាលជ្រៅ បាត់ទៅទាំងចិត្តនៅតម្លៃគឺមិនអាចមានថ្មីចំពោះគូស្នេហ៍ ហើយបើចំពោះមិត្តភក្តិគឺនៅចង់ចាំមិនអាចបំភ្លេចទឹកចិត្តដែលខ្លួនគោរពនោះទេ នេះគឺធម៌មេត្តាដែលជាធម៌មួយនៃព្រហ្មវិហារធម៌។

តែបើស្រលាញ់នូវទឹកចិត្តដែលយើងមើលទៅគ្មានអ្វីគួរអោយគោរព មានតែស្រលាញ់ភេទ ឬដោយប្រយោជន៍ណាមួយមិនខានព្រោះមិនមែនស្រលាញ់តម្លៃ ឬស្រលាញ់ទឹកចិត្តដែលខ្លួនស្រលាញ់ដូចចិត្តដែលមានធម៌មេត្តាទេ បាត់តម្លៃលែងមានអ្វីគួរអោយគោរព លែងមានអ្វីគួរអោយស្រលាញ់ នេះគឺធម៌មេត្តា។ មនុស្សមានធម៌មេត្តាចិត្តចេះស្គាល់អារម្មណ៍កក់ក្តៅ អ្នកគ្មានធម៌មេត្តាមិនស្គាល់អារម្មណ៍កក់ក្តៅនេះទេ បានអោបចិត្តដែលខ្លួនស្រលាញ់ដោយក្តីគោរពបានទទួលអារម្មណ៍កក់ក្តៅ តែចំពោះមនុស្សដែលចិត្តគ្មានធម៌មេត្តានេះគឺមិនបានទទួលអារម្មណ៍កក់ក្តៅនេះទេ។ ពូដឹងអារម្មណ៍សុខរបស់ព្រហ្មតាមរយៈវិបស្សនាគឺបេះដូងត្រជាក់ សុខដោយត្រជាក់កាលណាបានផ្ដល់អោយគេគឺករុណា និងទទួលអារម្មណ៍កក់ក្តៅព្រោះឈាមរបស់ព្រហ្មកក់ក្ដៅណាស់។ សុខព្រហ្មខុសគ្នាពីសុខទេវតាក្មុងកាមភព សុខរបស់ទេវតាគឺសុខដោយកាម ឯសុខរបស់ព្រហ្មគឺសុខដោយករុណាគឺត្រជាក់ និងមេត្តាគឺសុខដោយកក់ក្តៅ៕

ប្រភព ៖ សំណេរលោកប្រមុខ LDP លោក ខឹម វាសនា

The post តើ «ធម៌មេត្តា» មានអត្ថន័យ និងខ្លឹមសារយ៉ាងដូចម្ដេចក្នុងចិត្តរបស់មនុស្ស? appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images