១. តើមេរោគកូរ៉ូណាវីរុសប្រភេទ 2019nCoVនេះជាអ្វី? ហើយវាចេញមកពីណា?
មេរោគប្រភេទកូរ៉ូណាប្រភេទ2019nCoVនេះជាមេរោគដែលស្ថិតក្នុងអំបូរCoronavirus អំបូរជាមួយនឹងមេរោគបង្ករជំងឺសារស៍ (Severe Acute Respiratory Syndrome or SARS) និងជំងឺរលាកផ្លូវដង្ហើមមជ្ឈឹមបូព៌ា (Middle-East Respiratory Syndrome or MERS)។ គេហៅអំបូរមេរោគនេះថាCoronavirus ដោយសាររូបរាងរបស់វាដូចម្កុដCorōna របស់ក្រិក និងចក្រភពរ៉ូមសម័យបុរាណ។
តាមធម្មតា មេរោគនេះស្ថិតនៅក្នុងសត្វទេ មិនដែលឃើញមានឆ្លងមកមនុស្សទេកាលពីមុនមក។ មេរោគនេះបានឆ្លងមកមនុស្សនៅក្រុងវូហាន ប្រទេសចិន។ អ្នកវិទ្យាសាស្ត្រមិនទាន់កំណត់ប្រភពសត្វដែលចំលងមកមនុស្សបាននៅឡើយទេ តែគេសង្ស័យថាវាឆ្លងចេញពីសត្វពស់ព្រោះពត៌មានហ្សេណេទិកដែលគេយកចេញពីអ្នកជំងឺដូចគ្នាទៅនឹងមេរោគនេះនៅក្នុងសត្វពស់។ នៅក្នុងផ្សារលក់ម្ហូបក្នុងក្រុងវូហានដែលគេសង្ស័យថាជាកន្លែងចំលងមេរោគដំបូងមកមនុស្សនោះក៏មានលក់សត្វពស់ដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងថាមេរោគនេះឆ្លងពីសត្វមកមនុស្សដោយរបៀបណាទេ។
២. តើមេរោគនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានដែរឬទេ? ហើយបើបានតើបានតាមរបៀបណា?
កាលពីមានករណីឆ្លងដំបូងៗ គេមិនបានរកឃើញថាវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានឡើយ។ ក្រោយមកទើបគេរកឃើញថាវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដែលគេជឿថាដោយសារធម្មជាតិរបស់មេរោគនេះអាចបំលែងខ្លួនបានតាមរយ:ការប្លាស់ប្តូរពត៌មានហ្សេណេទិករបស់វា (Mutations)។
ការចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចកើតមានតាមរយៈដំណក់ទឹកតូចៗដែលចេញពីផ្លូវដង្ហើមរបស់អ្នកជំងឺ។ ពេលអ្នកជំងឺស្តែងជាអាការៈក្អក ឬកណ្តាស តំណក់ទឹកតូចៗ(droplets) ទាំងនោះអាចខ្ទាតចេញពីមាត់ និងច្រមុះទៅក្នុងបរិយាកាស ហើយអ្នកផ្សេងអាចហឺតចូលទៅតាមដង្ហើម។ ក្រៅពីនោះ អ្នកជំងឺអាចចំលងទៅអ្នកផ្សេងតាមការប៉ះពាល់ដោយដៃ។ ពេលដៃរបស់គាត់ដែលមានប្រឡាក់សំបោរ ឬតំណក់ទឹកតូចពេលគាត់ក្អកឬកណ្តាស ហើយយកទៅស្ទាបឬកាន់វត្ថុផ្សេងៗ។
៣. ពេលណាទើបអ្នកជំងឺអាចចំលងមេរោគទៅអ្នកផ្សេងបាន?
នៅពេលដែលមេរោគឆ្លងចូលអ្នកជំងឺភ្លាម អ្នកជំងឺមិនទាន់អាចចំលងមេរោគនេះទៅអ្នកផ្សេងបានឡើយ។ មេរោគត្រូវការរយៈពេលមួយដើម្បីករកូនករចៅក្នុងខ្លួនអ្នកជំងឺរហូតដល់មេរោគកើនក្នុងខ្លួនអ្នកជំងឺគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកជំងឺឈឺ ស្តែងជាអាការៈផ្តាសាយ ក្តៅខ្លួន ហៀរសំបោរ ក្អក កណ្តាសជាដើម។ ពេលអ្នកជំងឺស្តែងជាអាការៈទាំងនេះ មានន័យថាលទ្ធភាពដែលចំលងទៅអ្នកផ្សេងកើនឡើងខ្ពស់។ មិនមែនគ្រប់អ្នកជំងឺអាចស្តែងជាអាការ:ធ្ងន់ធ្ងរនោះទេ។ អ្នកខ្លះមានអាការៈតិចតួច ឬគ្មានសោះក៏មាន។ ក្នុងករណីទាំង២នេះ លទ្ធភាពចំលងទៅអ្នកផ្សេងមានតិចបំផុត។
៤. តើមេរោគកូរ៉ូណាវីរុសអាចរស់នៅក្នុងខ្យល់បានរយៈពេលប៉ុន្មាន?
នៅសីតុណ្ហភាព៤អង្សារសេ មេរោគនេះអាចរស់បានរយៈពេលដល់ទៅ២៨ថ្ងៃ។
នៅសីតុណ្ហភាព២០អង្សារសេ មេរោគនេះអាចរស់បានប្រហែល៥ថ្ងៃ។
នៅសីតុណ្ហភាពចន្លោះពី២០ទៅ៤០អង្សារ មេរោគនេះក្លាយជាអសកម្មលឿនបំផុត។ ដូច្នេះ មេរោគនេះមិនអាចចំលងទៅអ្នកទទួលបញ្ញើរ ឬទំនិញដែលផ្ញើរមកពីស្រុកចិនបានទេ ពិសេសអ្នកទទួលនៅប្រទេសកម្ពុជា ។
៥. តើមេរោគនេះសាហាវប៉ុណ្ណា? ហើយគេមានវិធីព្យាបាល ឬថ្នាំកំចាត់វាដែរឬទេ?
មេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះទៅបង្ករបញ្ហាតែនៅលើកោសិកាផ្លូវដង្ហើម ពិសេសផ្លូវដង្ហើមផ្នែកខាងលើ ក្នុងករណីធ្ងន់ធ្ងរវាអាចចូលទៅដល់សួតធ្វើឱ្យរលាកសួត។ ដូច្នេះអ្នកជំងឺប្រឈមមុខនឹងពិបាកដកដង្ហើម ខ្វះខ្យល់អុកស៊ីហ្សែនក្នុងខ្លួន។
សព្វថ្ងៃនេះពុំទាន់មានថ្នាំព្យាបាលណាដែលអាចប្រើទៅកំចាត់មេរោគនេះនៅឡើយទេ។ ការព្យាបាលគឺក្រុមគ្រូពេទ្យដាក់ឱ្យអ្នកជំងឺដាច់ពីគេឯង ហើយព្យាបាលតាមសភាពជាក់ស្តែងរបស់អ្នកជំងឺឬហៅថាSupporting care។ Supporting Careនេះមានន័យថាបើអ្នកជំងឺក្តៅខ្លួន ឱ្យថ្នាំបញ្ចុះកំដៅ ខ្វះអុកស៊ីហ្ស៊ែន ផ្តល់អុកស៊ីហ្ស៊ែន និងផ្តល់ជាតិទឹក។ល។
ដោយសារវាជាប្រភេទវីរុស មិនមែនជាបាក់តេរី គេអនុវត្តន៍វិធីព្យាបាលSupporting care ហើយរង់ចាំប្រព័ន្ធការពាររបស់ខ្លួនយើងអាចកំចាត់មេរោគនេះបានដោយខ្លួនឯង។ មានករណីមួយចំនួនដែលគេបានរាយការណ៍មកថាអ្នកជំងឺបានជាសះស្បើយ ដូចករណីអ្នកឆ្លងមុនគេនៅប្រទេសថៃជាដើម។ គិតត្រឹមថ្ងៃទី២៧ មករា ឆ្នាំ២០២០ មាន៨០ករណីដែលបានស្លាប់។
៦. តើយើងគួរការពារខ្លួនបែបណាដើម្បីកុំឱ្យឆ្លងមេរោគនេះ?
បើយោងតាមការណែនាំនានារបស់ស្ថាប័ណ្ឌជំនាញខាងទប់ស្កាត់ជំងឺឆ្លង គេបានណែនាំដូចខាងក្រោម៖
- ចៀសវាងទៅទីកន្លែងដែលមានមនុស្សច្រើនកកកុញ។
- បើជួបប្រាស្រ័យទាក់ទងជាមអ្នកដែលសង្ស័យ ឬមានអាការៈផ្តាសាយ គួរណែនាំឱ្យអ្នកនោះពាក់ម៉ាស់ ហើយយើងគួរស្ថិតនៅចំងាយពីអ្នកនោះយ៉ាងតិចឱ្យបាន២ម៉ែត្រ។
- គួរកុំចេញទៅក្រៅបើយើងមានអារម្មណ៍ថាខ្លួនឯងឈឺ។
- លាងដៃនឹងសាប៊ូ ឬsanitizer ឱ្យបានញឹកញ៉ាប់ ពិសេសមុននិងក្រោយពេលក្អក កណ្តាសហូតសំបោរ និងប៉ះពាល់អ្វីដែលនៅទីសាធារណៈ។
- ក្រដាស ឬក្រណាត់យកខ្ទប់មាត់ពេលក្អក កណ្តាស ឬជូតសំបោរ ត្រូវចោលក្នុងធុងដែលមានគំរបបិទជិត។
៧. តើខ្ទឹមសអាចកំចាត់ ឬការពារមេរោគកូរ៉ូណា2019nCoVនេះបានទេ?
មានការអនុវត្តន៍តាមបែបបុរាណរបស់ប្រជាជនខ្លះដើម្បីព្យាបាលជំងឺផ្តាសាយ។ គេបានយកខ្ទឹមសទៅបុក ហើយលាយទឹកក្នុងកំហាប់មួយ រួចយកទៅបន្តក់ក្នុងច្រមុះ។ អ្នកវិទ្យាសាស្ត្របានយកខ្ទឹមសទៅសាកល្បងជាមួយមេរោគកូរ៉ូណាវីរុសមួយប្រភេទដែលបង្ករជំងឺរលាកទងសួត នៅលើពងមាន់។ ជាលទ្ធផល គេសង្កេតឃើញថាខ្ទឹមសអាចទប់មេរោគកូរ៉ូណាប្រភេទនោះមិនឱ្យបង្កើតកូនចៅបានខ្លះដែរ ប៉ុន្តែវាមិនមែនជាមេរោគ2019nCoVនេះទេ។
មិនត្រូវយកមើមខ្ទឹមទៅញ៉ុកក្នុងរន្ធច្រមុះដើម្បីការពារមិនឱ្យមេរោគឆ្លងចូលតាមផ្លូវដង្ហើមទេព្រោះវាគ្មាមប្រសិទ្ធភាព ហើយវាអាចធ្លាក់ចូលក្នុងបំពង់ខ្យល់ធ្វើឱ្យស្ទះផ្លូវដង្ហើម មានគ្រោះថ្នាក់ដល់ជីវិត។ នៅពេលសង្ស័យថាមានឆ្លងមេរោគនេះ សូមទាក់ទងទៅគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ពិតប្រាកដ ចៀសវាងសំងំព្យាបាលតាមវិធីបុរាណនានាដែលអាចនាំឱ្យមេរោគកាន់តែរាតត្បាតក្នុងសហគមន៍កាន់តែច្រើន។
៨. តើក្នុងស្ថានភាពនៅប្រទេសកម្ពុជាដែលមានឆ្លងមួយករណី ប្រជាជនទូទាំងប្រទេសគួរស្វែងរកម៉ាស្គ៍មកពាក់ដែរឬទេ?
យោងតាមអ្នកជំនាញជំងឺឆ្លងនៅតាមក្រុងនានាដែលមាន២ឬ៥ករណីឆ្លងមេរោគពីក្រុងវូហាន ប្រទេសចិនទៅ គេមិនណែនាំឱ្យប្រជាជនទូទៅនៅក្រុងទាំងនោះពាក់ម៉ាស់ឡើយដោយសារករណីកើតមាននៅក្រុងទាំងនោះតិចពេក ហើយម្យ៉ាងទៀត ម៉ាស្គ៍ដែលដាក់លក់លើទីផ្សារទូទៅទាំងនោះមិនអាច ការពារមេរោគមិនឱ្យឆ្លងបានទេ។
ចំពោះម៉ាស្គ៍ដែលអាចការពារមេរោគបាន មានម៉ាស្គ៍N95 ជាដើម គេណែនាំឱ្យតែក្រុមមនុស្សដែលប្រឈមនឹងអ្នកជំងឺផ្ទាល់ មានក្រុមគ្រូពេទ្យ បុគ្គលិគធ្វើការនៅមន្ទីពេទ្យទាំងឡាយ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនិងអ្នកជំងឺ មានសមាជិកគ្រួសារជាដើម។ ចំពោះម៉ាស្គ៍ដែលដាក់លក់ទូទៅលើទីផ្សារនៅកម្ពុជា គួរណែនាំឱ្យអ្នកដែលមានអាការៈផ្តាសាយពាក់ដើម្បីកាតបន្ថយការរីកសាយភាយមេរោគដែលអាចឆ្លងចេញពីគាត់ទៅអ្នកដទៃយក្អក ឬកណ្តាស។
ប្រភព ៖ Divakaradot
The post សំនួរ-ចំលើយស្តីពីមេរោគរលាកផ្លូវដង្ហើម Coronavirus ប្រភេទថ្មី (2019nCoV) appeared first on ខ្មែរអ្នកអាន.