រតនគិរីៈ រហូតមកទល់នឹងព្រលប់ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឈើជាច្រើនកំណាត់ដែលកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីបរិស្ថានខេត្តរតនគិរីបង្រ្កាប មិនទាន់ត្រូវបានដឹកចេញនៅឡើយទេ ពោលរង់ចាំការដឹកចេញនៅថ្ងៃស្អែក ។
មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ថា ក្រោយពីទទួលបានព័ត៌មានភ្លាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាឲ្យកងកម្លាំងខេត្តរតនគិរី អនុវត្តការងារបង្រ្កាបបទល្មើសព្រៃឈើឲ្យខានតែបាន រហូតកម្លាំងរបស់លោក បានបើកប្រតិបត្តិការ ដោយសហការជាមួយមន្រ្តីបរិស្ថាន ឈានដល់ការចាប់ និងរឹបអូសឈើបាន២០១កំណាត់នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលឈ្មួញបានគរលាក់ទុកក្នុងឃ្លាំង១កន្លែង ស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
បច្ចុប្បន្ន ឈើសុក្រំ ឈើឈ្លីកជាច្រើនដុំ ត្រូវបានកម្លាំងអាវុធហត្ថ ប្រមូលទុកក្នុងទីតាំងនេះដដែល ហើយបានប្រគល់ឲ្យកម្លាំង បរិស្ថានដែនជម្រកសត្វព្រៃលំផាត់គ្រប់គ្រង បន្ត ដោយមានដាក់កម្លាំងយាមកាមផងដែរ។ លុះព្រឹកថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឈើនេះនឹងដឹកយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាននៅភូមិសាយោះ ឃុំកាឡែង ស្រុកលំផាត់។
សូមបញ្ជាក់ថា ថ្មីៗមកនេះ បទល្មើសព្រៃឈើ ហាក់មានចំណុចរសើុប បន្ទាប់ពីមន្រ្តីការពារព្រៃឈើ៣នាក់ ត្រូវបានមេប៉ុស្តិ៍ អូរលែ និងគូកន បាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករា នៅតំបន់អូហ៊ុច ខេត្តមណ្ឌលគិរី ជាប់ព្រុំដែនកម្ពុជា-វៀតណាម បន្ទាប់មកសមត្ថកិច្ចចម្រុះក៏បានបើកប្រតិបត្តិការបង្រ្កាប និងចាប់ខ្លួនជាបន្តបន្ទាប់ ៕
ប្រភព៖ Campost
The post ប៉េអឹមខេត្តរតនគិរី ចេញបង្ក្រាបក្រោយធ្លាយរឿងវៀតណាម ចូលកាប់ឈើនៅមណ្ឌលគិរី រហូតបាញ់សម្លាប់មនុស្ស appeared first on Khmer Readers.