ករណីមន្ត្រីប៉ូលិសស័ក្តិ៣ ដែលបានបន្លំយក iPad ពីហាងមួយកន្លែង នៅខណ្ឌទួលគោក ដែលមិនត្រូវបានទទួលទោស នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយសារមានការរិះគន់ច្រើន ពីប្រជាពលរដ្ឋ ខណៈដែលលោកពេជ្រ ស្រស់ ក៏បានស្នើសុំឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យលើករណីនេះឡើងវិញផងដែរ។

បើតាមការចុះផ្សាយរបស់អង្គភាព Fresh News លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្ត្រីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ករណីនេះមិនត្រូវបញ្ចប់ដោយបែបនេះទេ ពីព្រោះទង្វើរនេះ គឺ ជាទង្វើរបន្ថោកបន្ទាប ដល់កេរ្តិ៍ឈ្មោះ មន្ត្រីប៉ូលីសផ្សេងទៀត ហើយក៏អោយមហាជនអស់ជំនឿរលើអ្នកអនុវត្តច្បាប់ផងដែរ។
លោកបន្ថែមថា ក្នុងនាមរូបលោក ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ ស្នើដល់លោក នេត សាវឿន និងអ្នកអនុវត្តច្បាប់ដទៃទៀត សូមចាត់ការបុគ្គលនេះ តាមវិន័យច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីធានាបាននូវការពង្រឹងអំណាចច្បាប់ និងលើកមុខមាត់ស្ថាប័នកងកម្លាំងឡើងវិញ។

លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់វិទ្យុវាយោថា ករណីនេះ ប្រហែលអ្នកសារព័ត៌មានស្រង់សម្តី របស់លោកនេត សាវឿន ខុសជុំវិញពាក្យច្រលំ និងការភ័ន្តច្រឡំ ដោយលោកចង់ឲ្យមានការ សម្របសម្រួលជាមួយជនរងគ្រោះ។ ម្យ៉ាងវិញទៀត ដោយសារ មានការធានាពីឪពុកម្តាយមន្ត្រីរូបនោះថា កូនរបស់គាត់នៅប៉ុន្មានថ្ងៃមកនេះ មានសតិអារម្មណ៍មិនសូវល្អ ទើបមិនទាន់មានចំណាត់ការណាមួយចំពោះមន្ត្រីរូបនេះ។
យ៉ាងណា អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា ក្រោយការពិនិត្យព្យាបាល មន្ត្រីនគរបាលរូបនឹង ប្រាកដណាស់ថា នឹងទទួលការពិន័យរបស់កងកម្លាំង។ ប៉ុន្តែបើការពិនិត្យឃើញថា មន្ត្រីរូបនេះ មានសតិមិនប្រក្រតីមែននោះ គឺនឹងត្រូវបញ្ឈប់ ដកតួនាទីចេញពីក្របខណ្ឌ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Leakhena Jeanana បានបង្ហាញពី សកម្មភាពបុរស ដែលស្លៀកពាក់ជាប៉ូលីស ពាក់ស័ក្តិបីម្នាក់ បានបន្លំលួចយកIpad មួយគ្រឿងពីកន្លែងវេរលុយរបស់ខ្លួន។
ក្រោយពីទទួលបានព័ត៌មាន ពីបណ្តាញសង្គមហ្វេសបុក ជុំវិញការលួចយកIpadនេះ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យ ឈ្មោះ ហេង ហាប់ តួនាទី អនុសេនីយ៍ឯកនាយកដ្ឋាន ព្រំដែនទឹក មានអាយុ២៥ឆ្នាំ បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ៕

The post ឥឡូវនេះមន្រ្តីប៉ូលីសសក្ដិ៣ អះអាងពីឪពុកម្ដាយថាសតិមិនគ្រប់ដើម្បីរួចផុតពីការដាក់ទោសទណ្ឌ appeared first on Khmer Readers.