ភ្នំពេញៈ មតិជាច្រើនបានគាំទ្រចំពោះចំណាត់ការក្ដៅលើលោក គឹម រស្មី មេប៉េអឹមខេត្តរតនគិរី ដែលត្រូវបានលុបចេញពីក្របខ័ណ្ឌមន្ត្រីយោធា ហើយអស់តំណែងជាមេបញ្ជាការប៉េអឹមទៀត។ ចំណាត់ការក្ដៅៗនេះ ត្រូវបានគេមើលឃើញថា រាជរដ្ឋាភិបាលសម្រេចធ្វើឡើងតាមអភិក្រមទី៥ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យវះកាត់សាច់ស្អុយមួយដុំនេះចេញ បន្ទាប់ពីមេប៉េអឹមរូបនេះ ជះលុយម្ដងកន្លះលានដុល្លារ ដើម្បីចែកដល់កូនតូចកូនធំក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗកន្លងទៅនេះ។

បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រលប់ថ្ងៃទី០៩ ខែកុម្ភៈនេះ បានឲ្យដឹងថា លោក គឹម រស្មី ដែលជានាយទាហាន ឋានៈឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យលុបចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ ប៉ុន្តែការនេះ សម្ដេចបញ្ជាក់ថា គឺជាការវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់។

ជុំវិញការសម្រេចបញ្ចប់មុខតំណែង និងក្របខ័ណ្ឌរបស់លោក គឹម រស្មី នៅពេលនេះ បានធ្វើឲ្យមតិសាធារណជនសាទរ និងមានការគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែមតិមួយចំនួន នៅមានចម្ងល់ថា បន្ទាប់ពីអស់តំណែង អស់ក្របខ័ណ្ឌ តើលោក គឹម រស្មី អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឬយ៉ាងណា? ព្រោះថា មន្ត្រីរាជការប្រាក់ខែតែបន្តិចបន្តួចទេ ប៉ុន្តែហេតុអ្វីមេបញ្ជាការរូបនេះ មានលុយវាល់លានចែកកូនតូចកូនធំបែបនេះ។

ដូចគ្នានេះដែរ ប្អូនស្រីសម្ដេចនាយករដ្ឋមន្ត្រី គឺលោកស្រី ហ៊ុន ស៊ីណាត បានហៅលោក គឹម រស្មី ថាជាសាច់ស្អុយ ហើយលោកស្រីរង់ចាំមើលថា តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ហ៊ានចាត់ការខ្លាស៊ីគោទាំងមូលរូបនេះដែរឬយ៉ាងណា?

លោកស្រី ហ៊ុន ស៊ីណាត ៖ “ចាំមើលមេប៉េអឹមរបស់ខេត្តរតនគីរីនេះ លោកប្រធានប្រឆាំងអំពើពុករលួយ គាត់អាចមើលឃើញខ្លាស៊ីគោទាំងមូលនេះដែរទេ? ឬលោកប្រធានប្រឆាំងអំពើពុករលួយ មើលឃើញតែឆ្មាស៊ីត្រីអាំងទៅណ!! សូមបងប្អូនកូនក្មួយមិត្តរួម Facebook រង់ចាំមើលថា បុគ្គលម្នាក់នេះ ធ្វើស្រែលើខ្នងបក្សប្រជាជន តើឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គាត់ហ៊ានវ៉ៃខ្លាស៊ីគោទាំងមូល ដែលរាស្ត្រមើលឃើញទាំងអស់គ្នានេះបានដែរទេ?”។

គួរជម្រាបថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនដឹងស្មានថា ឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះ បែរជាលោក គឹម រស្មី មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមានសឹង្ហបុរីផងដែរ ។ ការនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។

យោងតាមវិដេអូមួយ ដែលបង្ហោះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគណនីហ្វេសប៊ុកឈ្មោះ Gee Yong គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុបចំនួន៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។

សូមស្ដាប់សម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ក្នុងវិដេអូឃ្លីបខាងក្រោមនេះ ៖
ប្រភព ៖ Campost
The post មេប៉េអឹមខេត្តរតនគិរី គឹម រស្មី អស់បុណ្យ ក្រោយបែកធ្លាយចែកលុយកូន ៥០ម៉ឺនដុល្លារ (វីដេអូ) appeared first on Khmer Readers.