Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តោះមកមើលបងប្អូនកូរ៉េទាំងពីរជួបគ្នាបន្តិចមើល!

$
0
0

កាលពីថ្ងៃពុធ ទី១៩កញ្ញា ២០១៨ កន្លងទៅ នៅក្រោយជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅឯរដ្ឋធានីព្យុងយ៉ាង លោកគីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើង សុខចិត្តយល់ព្រម បិទទីតាំងពិសោធន៍គ្រាប់មីស៊ីលរបស់ខ្លួន នៅចំពោះមុខមន្ត្រីជំនាញអន្តរជាតិ ដើម្បីជំរុញការចរចាជាមួយសហរដ្ឋអាមេរិក ឲ្យ​ដើរឆាប់ទៅមុខ។ ដំណឹងនេះ ត្រូវបានរដ្ឋាភិបាលលោកដូណាល់ ត្រាំ អបអរសាទរ ហើយថានិងរៀបចំពន្លឿនការចរចា។ ចំណែក លោកប្រធានាធីបតីកូរ៉េខាងត្បូង ដែលទើបតែត្រលប់មកពីព្យុងយ៉ាងវិញ បានប្រកាសឲ្យដឹងថា គីម ជុងអ៊ុន មានបំណងចង់ជួបលោកដូណាល់ ត្រាំ ជាថ្មីម្តងទៀត ក្នុងពេលដ៏ឆាប់ខាងមុខ។

បន្ទាប់ពីបានប្រកាស ថាខ្លួនមានបំណងចង់ទៅធ្វើទស្សនកិច្ច ជាលើកដំបូង នៅទីក្រុង​សេអ៊ូល រដ្ឋានីកូរ៉េខាងត្បូង លោកគីម ជុងអ៊ុន បានបញ្ជាក់ទៀតថា កូរ៉េខាងជើង សុខចិត្ត​យល់ព្រម​បិទជាលក្ខណៈ​អចិន្ត្រៃយ៍ នូវទីតាំងសាកល្បងមីស៊ីលមួយកន្លែងឈ្មោះ Tongchang-ri ដែលការបិទនេះ នឹងត្រូវធ្វើឡើង ក្រោមក្រសែរភ្នែកត្រួតពិនិត្យ របស់អ្នកជំនាញការអន្តរជាតិ។

ពីសេតវិមាន លោកដូណាល់ ត្រាំ បានថ្លែងថា នេះគឺជាដំណឹងល្អ ស្តែងឲ្យឃើញពីបំណងចង់ចរចា របស់កូរ៉ខាងជើង។ លោកដូណាល់ ត្រាំ ក៏ធ្លាប់ថ្លែងឲ្យដឹងដែរ ថាអាចនឹងមានជំនួបជាមួយគីម ជុងអ៊ុនជាលើកទី២។ យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍នេះ លោកមូន ជាអ៊ីន ដែលទើបតែវិលត្រលប់មកពីព្យុងយ៉ាងវិញ បានបញ្ជាក់ថា លោក គីម ជុងអ៊ុន ក៏ចង់ជួបលោកដូណាល់ ត្រាំ ជាលើកទី២ដែរ ហើយថាកូរ៉េខាងត្បូង នឹងរៀបចំចាត់ចែងកិច្ចការនេះ ឲ្យបានឆាប់។

ដោយឡែក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានថ្លែងអបអរ ចំពោះការបោះជំហាន ព្រមធ្វើសម្បទានរបស់កូរ៉េខាងជើង។ លោកបន្ថែមថា ការសុខចិត្តរបស់កូរ៉េខាងជើង គឺក្នុងគោលបំណង ជំរុញការចរចា ដែលជាប់គាំងច្រើនខែមកហើយនេះ ឲ្យដើរទៅមុខ។

សូមបញ្ជាក់ថា ក្រោយជំនួបកំពូលនៅសឹង្ហបុរី រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីខែមេសា គឺការចរចាមិនទាន់បានចាប់ផ្តើមនៅឡើយទេ។ អាមេរិកទាមទារ ចង់បានការរុះរើ កំទេចចោលប្រព័ន្ធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង និងដោយភ្លាមៗ ដោយមានការត្រួតពិនិត្យតាមដាន។ ប៉ុន្តែ ខ្លឹមសារនេះ ភាគីកូរ៉េខាងជើង មិនដែលបានបញ្ជាក់ថា ជាគោលជំហររបស់ខ្លួន ក្នុងការចរចាឡើយ។ មួយវិញទៀត ក្រោយជំនួបកំពូលនៅសិង្ហបុរី ភាគីទាំង២ នៅមិនទាន់បានកំណត់ពីកាលវិភាគចរចា ព្រមទាំងរបៀបវារៈផ្សេងៗនោះទេ។

គួរកត់សំគាល់ផងដែរថា ក្រៅពីការយល់ព្រមបិទទីតាំងសាកមីស៊ីលនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសបន្ថែមថា កូរ៉េខាងជើង ត្រៀមខ្លួនធ្វើសម្បទានច្រើនជាងនេះទៀត ដូចជាការរុះរើចោលជាលក្ខណៈអចិន្ត្រៃយ៍ នូវទីតាំងមូលដ្ឋាននុយក្លេអ៊ែរ Yongbyon ព្រមទាំងការបិទមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ បើសិនជាអាមេរិក ព្រមធ្វើសម្បទានតបមកវិញ ឲ្យបានសមរម្យ។

បើទោះជាគីម ជុងអ៊ុន មិនបានបញ្ជាក់ ឲ្យច្បាស់ ថាចង់បានសម្បទានអ្វីខ្លះ ពីអាមេរិក តែគេអាចស្មានដឹងថា កូរ៉េខាងជើង ត្រូវការឲ្យអាមេរិក ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បិទបញ្ចប់សង្រ្គាម​ជាស្ថាពរ ដែលក្នុងន័យនេះ គឺមានន័យថា អាមេរិក ត្រូវដកទ័ពចេញពីឧបទ្វីបកូរ៉េ។ ការចង់បានមួយទៀតនោះ គឺការដកទណ្ឌកម្មសេដ្ឋកិច្ចផ្នែកខ្លះ ចេញពីកូរ៉េខាងជើង៕

ប្រភព៖ Rfi

The post តោះមកមើលបងប្អូនកូរ៉េទាំងពីរជួបគ្នាបន្តិចមើល! appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles