ជ្រើសបានប្រុសល្អ ឬប្រុសខ្លាំង ចាត់ទុកជាសំណាងធំមួយរបស់មនុស្សស្រី ក៏ប៉ុន្តែមនុស្សស្រីក៏ត្រូវដឹងដែរថា មិនមែនគ្រប់ប្រុសល្អប្រុសខ្លាំងដែលខ្លួនជ្រើសបាន អាចនៅជាមួយខ្លួនជារៀងរហូតទេ អាចមានករណីខ្លះប្រុសល្អឬប្រុសខ្លាំងនោះដើរចេញពីនាងក៏មាន ព្រោះវាទាក់ទងនឹងលក្ខណៈសម្បត្តិរបស់នាងដែរ ថាតើអាចចងជើងប្រុសល្អប្រុសខ្លាំងឱ្យនៅជាមួយខ្លួនបានរហូតដែរឬទេ។ ខាងក្រោមនេះជាគុណសម្បត្តិដែលនារីត្រូវមានដើម្បីទាក់យកប្រុសល្អប្រុសខ្លាំង៖
១. «UNDERSTANDING Him! យល់ពីគាត់»
គ្រប់បុរសទាំងអស់ចង់ឱ្យនារីដែលខ្លួនស្រឡាញ់យល់ពីខ្លួុន នេះជាលក្ខខណ្ឌមួយដែលមិនអាចខ្វះបាន។ ដើម្បីយល់ពីបុរស នារីចាំបាច់ត្រូវតែស្វែងយល់ តើនារីអាចស្វែងយល់ពីបុរសដែលខ្លួនកំពុងស្រឡាញ់បានដែរឬទេ? បើស្វែងយល់បាន តើយល់អ្វីខ្លះអំពីគេ? បុរស នៅពេលខ្លួនទទួលសញ្ញាថានារីរបស់ខ្លួនស្វែងយល់ពីខ្លួន និងយល់ពីខ្លួន បុរសហាក់ទទួលអារម្មណ៍កក់ក្តៅមួយផ្នែក ហាក់ដូចបេះដូងជ្រកក្នុងបេះដូងគ្នាទៅវិញទៅមក។
២. «FREEDOM! ផ្តល់សេរីភាព»
មនុស្សស្រី ចូរអ្នកផ្តល់សេរីភាពឱ្យបុរសរបស់អ្នក១០០%ចុះ កុំភ័យ កុំព្រួយ កុំបារម្ភ! អ្នកត្រូវដឹងថា បើបុរសរបស់អ្នកជាប្រុសល្អ ជាមនុស្សស្មោះត្រង់ចំពោះអ្នកមែន នោះគេនឹងស្មោះត្រង់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់អ្នករឹតត្បិតសេរីភាពរបស់គេឡើយ គេនឹងមិនទៅធ្វើរឿងក្បត់ទំនុកចិត្តណាមួយចំពោះអ្នកឡើយ។ តែបើគេជាប្រុសមិនល្អ ឬប្រុងនឹងក្បត់ ទោះបីអ្នកឃាំងសេរីភាពគេយ៉ាងណាក៏មិនអាចឃាត់គេបានដែរ ដូច្នេះភ័យខ្លាចអីមិនហ៊ានផ្តល់សេរីភាពឱ្យទៅគេ?
៣. «RESPECT! ផ្តល់ការគោរព»
មិនគោរពមានន័យថាមិនឱ្យតម្លៃ។ ប្រុសល្អ ឬប្រុសខ្លាំង ច្បាស់ណាស់ជាបុរសមានតម្លៃ ចុះបើនារីមិនផ្តល់ការគោរព តើសក្តិសមជាដៃគូដែលចេះឱ្យតម្លៃគ្នាយ៉ាងម៉េចទៅកើត? ដូច្នេះ នារីចាំបាច់ចេះគោរពបុរសរបស់ខ្លួន គោរពការសម្រេចចិត្តរបស់គេ គោរពភាពជាគេ គោរពមនុស្សដែលគេគោរព គោរពភាពត្រឹមត្រូវដែលបុរសរបស់ខ្លួនកំពុងកាន់ក្នុងដៃ។យ៉ាងហោចណាស់ក៏ត្រូវឈរនៅពីក្រោយបុរសរបស់ខ្លួន១ជំហានដែរ។
៤. «ស្វែងយល់ពីទុក្ខលំបាកក្នុងចិត្តរបស់គាត់»
បុរសអាចលាក់អ្នកនូវទុក្ខលំបាករបស់ខ្លួនដើម្បីផ្តល់សេចក្តីសុខឱ្យទៅអ្នក ហើយអ្នកអាចមើលឃើញត្រឹមរូបភាពសប្បាយរីករាយតែម្យ៉ាង តែអ្នកមិនបានមើលឆ្លុះជ្រៅទៅក្នុងចិត្តនៃបុរសរបស់អ្នកថាតើគេមានលាក់ទុក្ខអ្វីខ្លះនោះ។ ក្នុងគ្រាសប្បាយរីករាយ បើនារីអាចមើលឃើញពីទុក្ខលំបាករបស់ដៃគូខ្លួនបាន បុរសហាក់ទទួលបានការរំលែកទុក្ខពីនារីរបស់ខ្លួនវិញ នេះហើយជាភាពកក់ក្តៅមួយដែលនារីផ្តល់ត្រលប់។
៥. «យកចិត្តទុកដាក់ក្នុងន័យផ្តល់ឱ្យ»
បុរស ជាទូទៅដើរតួជាបង្អែកសម្រាប់នារីរបស់ខ្លួន តែនារីកុំភ្លេចថាបុរសក៏ត្រូវការទីផ្អែកដែរ ក៏ត្រូវការការយកចិត្តទុកដាក់ដែរ។ ការយកចិត្តទុកដាក់របស់នារីចំពោះបុរស បុរសហាក់មានអារម្មណ៍ទទួលបានបង្អែកត្រលប់មកវិញ ហើយការផ្តល់ឱ្យរបស់នារី មិនមែនជាការផ្តល់ដែលបង្កប់ចិត្តចង់បានអ្វីត្រឡប់មកវិញទេ ដាច់ខាតត្រូវតែជាចិត្តស្មោះដែលហុចឱ្យទៅព្រោះតែចិត្តអាណិតមេត្តាស្រឡាញ់ចំពោះបុរសរបស់ខ្លួនចង់ឱ្យបុរសរបស់ខ្លួនទទួលបានសេចក្តីសុខម្យ៉ាងគត់ នោះទើបជាការផ្តល់ឱ្យដែលមានតម្លៃ៕
The post រកបានដៃគូជាបុរសល្អហើយ ដើម្បីរក្សាឱ្យគង់នារីគប្បីមាន ៥ចំណុចនេះជាចាំបាច់ appeared first on Khmer Readers.